ភាពភ័យខ្លាចក្នុងចិត្តគ្រោះថ្នាក់ជាងបញ្ហាទៅទៀត

នៅពេលដែលយើងភ័យខ្លាចរឿងអ្វីមួយខ្លាំងពេក នោះវានឹងប៉ះពាល់ដល់៖

  1. ការសម្រេចចិត្ត
  2. ការឆ្លើយតបទៅនឹងបញ្ហា
  3. ការគិតវិជ្ជមានរបស់យើង

គ្មានអ្នកណាចង់ជួប “បញ្ហា” និងរឹតតែគ្មានអ្នកណាអាចគេចផុតពី “បញ្ហា”បាន គ្រាន់តែថាធំ ឬតូច។ ចង់ដោះស្រាយបញ្ហា រៀនគ្រប់គ្រងអារម្មណ៍នៃភាពភ័យខ្លាចរបស់យើងជាមុនសិន។ 

ខ្ញុំគ្មានអ្វីចែករំលែកច្រើនទេ ថាយើងគួរត្រូវគ្រប់គ្រងភាពភ័យខ្លាចរបស់យើងបានដោយរបៀបណា។ ប៉ុន្តែអ្វីដែលខ្ញុំយកមកអនុវត្តនាពេលថ្មីៗនេះគឺ៖

  1. ប្រឈម និងទទួលស្គាល់ថាយើងកំពុងតែជួបបញ្ហាមែន។ 
  2. បញ្ហាដែលខ្ញុំជួបគឺជាបញ្ហាសាកល ហើយរឿងជាច្រើនដែលមិនមែននៅក្នុងការគ្រប់គ្រងរបស់ខ្ញុំទេ។ អ្វីដែលខ្ញុំអាចចូលរួមធ្វើបានគឺ ៣ កុំ ៣ ការពារ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ ១៩ មកខ្លួនឯង និងអ្នកដទៃ។ 
  3. ខ្ញុំតាមដានតែប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន។
  4. ខ្ញុំរក្សាទំនាក់ទំនងតាមបណ្តាញសង្គមជាមួយមិត្តភក្តិ។
  5. ខ្ញុំនិយាយពីបញ្ហារបស់ខ្ញុំជាមួយមនុស្សដែលអាចទុកចិត្តបាន។
  6. ខ្ញុំប្រាប់ខ្លួនឯងថា This too shall pass។ ទន្ទឹមនឹងនេះ ខ្ញុំសួរខ្លួនឯងទៀតថា បើស្ថានភាពកាន់តែមិនល្អ តើខ្ញុំគួរប្រឈមដោយរបៀបណា? 
  7. ខ្ញុំរក្សាការគិតវិជ្ជមានតាមរយៈ ការអាន ស្តាប់ និងសរសេរ ដើម្បីលើកទឹកចិត្តខ្លួនឯង។ 

នៅមានច្រើនទៀត…

អូ! ចង់បញ្ជាក់មួយទៀត ភាពភ័យខ្លាច មិនត្រឹមតែមិនអាចជួយយើងបានទេ ប៉ុន្តែថែមទាំងអាចរុញយើងឱ្យធ្លាក់កាន់តែជ្រៅក្នុងបញ្ហាទៀតផង។ ដូច្នេះ ខ្ញុំប្តូរពីពាក្យ “ភ័យខ្លាច” មកជា “ប្រុងប្រយ័ត្ន” និង “មិនប្រមាទ” នៅក្នុងហេតុការណ៍ទាំងឡាយដែលខ្ញុំជួប។ 

ចុះអ្នកទាំងអស់គ្នាវិញ? 

#T2MM

#កុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹម

#ឈឺបេះដូងឈោងសុបិន

#KimdynaWriter

Follow me on my Youtube :

https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

Facebook:

https://www.facebook.com/kimdyna.writer

ដើរចេញពីគេឈឺចាប់ណាស់ តើគួរធ្វើម៉េច?

១. ពេលណាគួរដើរចេញពីគេ?

ចម្លើយ៖ ពេលដែលអ្នកលែងស្រឡាញ់គេ ឬគេលែងស្រឡាញ់អ្នក! ស្នេហាដែលគ្មានក្តីស្រឡាញ់ជាគោល គ្មានន័យនឹងបន្តជាដាច់ខាត! 

២. ដើរចេញពីគេឈឺចាប់ណាស់ តើគួរធ្វើម៉េច?

ចម្លើយ៖ នៅក៏ឈឺ ទៅក៏ឈឺ តែបើនៅយូរពេក ខ្លាចថាជីវិតក៏មិនគង់! 

៣. ខ្ញុំខ្លាចស្នេហាណាស់ មិនចង់មានស្នេហាទៀតទេ?

ចម្លើយ៖ គួរថតវីដេអូទុក និយាយពីអារម្មណ៍ដែលខ្លាចស្នេហា ហើយទុកចាក់មើលខ្លួនឯង ពេលដែលចង់ចាប់ចិត្តលើអ្នកណា ជាពិសេសពេលឃើញអុបប៉ា! 🤣

៤. បាត់បង់ស្នេហា ខ្ញុំបាត់បង់គ្រប់យ៉ាង!
ចម្លើយ៖ បាត់បង់/បោះខ្លួនឯង ឬបាត់បង់ជីវិត បានហៅថាបាត់បង់គ្រប់យ៉ាង! 

ចម្លើយលម្អិតទៅសំណួរខាងលើគឺមាននៅក្នុងវីដេអូខាងក្រោម៖

គ្មានអ្នកណាជៀសស្លាប់បានទេ



* អត្ថបទខាងក្រោម គឺខ្ញុំដកស្រង់ចេញពីការសម្តែងធម៌ទេសនារបស់ម្ចាស់គ្រូ សាន សុជា នៅក្នុងយូធូប ហើយក៏កត់ត្រា យកមកចែករំលែក ព្រោះគិតថាជារឿងចំណុចសំខាន់ ដែលមនុស្សគ្រប់គ្នាគួរពិចារណា។ សូមអានដោយពិចារណដូចតទៅ៖

ជីវិតសម្រាប់ស្លាប់។ ការធ្វើបុណ្យធ្វើកុសលគឺមិនមែនឱ្យគេចស្លាប់ទេ ឬបាត់ស្លាប់ទេ។ ការធ្វើបុណ្យគឺឱ្យគេចបាប។ រឿងដែលយើងស្លាប់ បាបពីមុន មិនមែនបាបឥឡូវទេ។  តែបុណ្យបច្ចុប្បន្នមិននាំសេចក្តីទុក្ខឱ្យយើងឡើយ។ ប៉ុន្តែ យើងមិនអាចមានញាណអីសំឡឹងឃើញបាន  យើងមើលតែបច្ចប្បន្នហ្នឹង។

ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះសម្តែងថា បុគ្គលធ្វើបាប ដរាបណាបាបមិនទាន់ឱ្យផល ចេះតែថាបាបហ្នឹងល្អ​ ។ ហើយឃើញគេកាប់ជ្រូកសម្លាប់គេសម្លាប់ឯងថាល្អ  ចេះតែមាន ចេះតែថាល្អអ៊ីចឹងទៅ។ ទាល់តែបាបឱ្យផលផ្ទាល់ខ្លួនតែម្តង ទើបថាលំបាកមែន។ បុគ្គលធ្វើល្អ មិនដឹងថាល្អនៅឯណាទេ លុះត្រាតែសេចក្តីល្អបានមកដល់ ទើបថាល្អមែន។

ឱ្យតែមានគ្រោះថ្នាក់យើងចូលចិត្តបន្ទោសតែរឿងបុណ្យ តែមិនព្រមបន្ទោសរឿងបាបដែលយើងធ្វើមួយថ្ងៃៗ ប៉ុន្មាន។ មួយជីវិតសម្លាប់សត្វប៉ុន្មាន ហើយយើងមិនព្រមគិត។ យើងទៅទាស់តែជាមួយបុណ្យ ដែលពេលខ្លះបុណ្យឱ្យផលមិនទាន់។  បាបមួយគគោក បុណ្យបន្តិច។ បាបប្រៀបដូចជាថ្នាំពណ៌ខ្មៅ។ បុណ្យប្រៀបដូចជាថ្នាំពណ៌ស លាយបញ្ចូលគ្នាទៅមើល អំណាចបាបខ្លាំងណាស់ ទៅជាពណ៌ប្រផេះអស់ឥឡូវហ្នឹង។ 

ច្បាប់កម្មយុត្តិធម៌ណាស់។ 

ដោយម្ចាស់គ្រូ សាន សុជា

ប្រភព៖ https://youtu.be/dYIWwRlfcjk

រូបភាព ៖ Google

ការតែងនិពន្ធរឿងល្ខោន

អត្ថបទល្ខោន គឺជាអត្ថបទអក្សរសិល្បិ៍មួយប្រភេទ ដែលមានឆាក ឈុត សម្រាប់យកទៅសម្តែងជាសិល្បៈល្ខោន។ ធាតុសំខាន់ៗរបស់អត្ថបទល្ខោនមាន ចំណោទបញ្ហា តួអង្គ កាលអាកាស និងមូលន័យ។ 

ទម្រង់សំណេររបស់អត្ថបទល្ខោនចែកចេញពីឈុតនិងឆាក ហើយអ្នកនិពន្ធសរសេរសេចក្តីបញ្ជាក់រូប ទឹកមុខ កាយវិការ ឬសំឡេងរបស់តួអង្គដាក់ក្នុងវង់ក្រចក។ 

អត្ថន័យ៖ ជារឿងធម្មតាដែលបង្ហាញពីការទាស់ទែងខ្វែងគំនិតគញនា រវាងតួអង្គ ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ដំណើររឿងមានលក្ខណៈតឹងតែង ធូរស្រាល មានស្លាប់រស់ មានកម្សត់កំប្លែងលាយគ្នា។ 

អត្ថរូប៖ ពាក្យពេចន៍ក្នុងដំណើររឿង គឺជាពាក្យសន្ទនារវាងតួអង្គច្រើនរូប ដែលគេហៅថា សំវាទវិធី ។

 អត្ថរស៖ អ្នកនិពន្ធបញ្ចូលនូវគំណិត យោបល់ ទស្សនៈ ដំបូន្មានរបស់ខ្លួន ទៅក្នុងសកម្មភាពនៃរឿង។ គេតែងល្ខោនដោយប្រត្យក្សភាព ដើម្បីបង្កើតប្រត្យក្សរស ពោលគឺគេយកកំហុសគុណវិបត្តិ អំពើឆ្គាំឆ្គងរបស់មនុស្សដែល ត្រូវរិះគន់សម្រាប់ណែនាំអប់រំមកបញ្ចូលក្នុងពាក្យសម្តី សកម្មភាព កាយវិការរបស់តួអង្គយកទៅសម្តែងឱ្យទស្សនិកជនបាន ឃើញ។ 

ប្រភព៖ សៀវភៅអក្សរសាស្ត្រខ្មែរទី ១២

Facebook Page: https://www.facebook.com/dynawriter

YoutubeChannel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#កុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹម

#ឈឺបេះដូងឈោងសុបិន

សប្តាហ៍សៀវភៅ៖ ទន្សាយជាអ្នកណា ដោយអ្នកគ្រូ ម៉ៅ សំណាង

សៀវភៅ “ទន្សាយជាអ្នកណា” 

ប្រភេទ៖ ជីវប្រវត្តិ (មានអមដោយវិធីក្នុងការនិពន្ធប្រលោមលោ+រឿងខ្លី១)

និពន្ធដោយ៖ អ្នកគ្រូ ម៉ៅ សំណាង 

បោះពុម្ពដោយ៖ សៀវភៅជីវិត ឆ្នាំ ២០១៩

ទំព័រ៖  ២១៥ ទំព័រ

តម្លៃ៖  ៣៦.០០០ រៀល

Book Week By Dynaរូបភាពពីហាងសៀវភៅ Le Story 

សង្ខេប៖ អ្នកគ្រូបានរៀបរាប់ពីប្រវត្តិរបស់ខ្លួនយ៉ាងក្បោះក្បាយ និងចែករំលែកពីវិធីនិពន្ធប្រលោមលោក និងរឿងខ្លី “កម្រងផ្កាម្លិះ” ដែលជាប់ជយលាភីលេខ ២ ផងដែរ។ 

ចំណាប់អារម្មណ៍៖ “ទន្សាយជាអ្នកណា” ប្រៀបដូចជាប្រលោមលោកដ៏ល្អឯកមួយ! ប៉ុន្តែអ្វីដែលខុសគ្នាពីប្រលោមលោកនោះគឺ សៀវភៅនេះ មានតួអង្គសម្តែងពិត រឿងពិត កាលអាកាសពិត ហើយអ្នកអានមិនអាចស្មានដឹងពីជោគវាសនារបស់តួអង្គឯកក្នុងរឿងនេះបានទេ! មុននឹងឈានដល់ការនិយាយពីចំណាប់អារម្មណ៍ចំពោះសៀវភៅនេះ ខ្ញុំសូមបើកវង់ក្រចកបន្តិច។ 

មិនខុសពីអ្នកនិយមអានប្រលោមលោកជាច្រើននៅកម្ពុជាទេ ដែលកម្រមានអ្នកណាដែលថាមិនស្គាល់អ្នកនិពន្ធទន្សាយណាស់។ ប៉ុន្តែបើនិយាយពីមុខមាត់ ឬប្រវត្តិគាត់បែបណា មិនសូវមានអ្នកដឹងនោះទេ។ ខ្ញុំចាំបានថាខ្ញុំធ្លាប់បានទូរសព្ទទៅសួរសុខទុក្ខអ្នកគ្រូតាំងពីជំនាន់ខ្ញុំរៀនវិទ្យាល័យ ហើយបេះដូងខ្ញុំពេលនោះរំភើបរកអ្វីផ្ទឹមមិនបាន ពេលអ្នកគ្រូចុចទទួល និងបានសន្ទនាគ្នាក្នុងពេលដ៏ខ្លី។ ខ្ញុំស្គាល់ស្នាដៃអ្នកគ្រូ ច្រើនជាងរឿងរ៉ាងដែលទាក់ទងនឹងអ្នកគ្រូ។ ខ្ញុំចូលទៅក្នុងពិភពនៃមនោសញ្ចេតនាដ៏ស្រទន់ និងអណ្តែតអណ្តូងរៀងរាល់ពេលអានស្នាដៃរបស់អ្នកគ្រូ ហើយខ្ញុំពិតជាស្រឡាញ់ចរិតតួប្រុសក្នុងប្រលោមលោកអ្នកគ្រូណាស់ ហើយប្រាថ្នាថាចង់ជួបបុរសបែបនោះដែរ។ ខ្ញុំធ្លាប់ទាំងជឿជាក់ទៀតថាអ្នកគ្រូច្បាស់ជាមានភាពផ្អែមល្អែម និងរីករាយច្រើននៅក្នុងជីវិត ទើបអ្នកគ្រូអាចសរសេររឿងឱ្យខ្ញុំមានភាពរីករាយជានិច្ច។ បាត់អ្នកគ្រូមួយរយៈធំ ខ្ញុំឮតែតាមគេថាអ្នកគ្រូឈឺ មិនអាចសរសេរទៀតបាន ហើយលុះពេលសម្ពោធសៀវភៅ​”ប្រលោមចិត្ត” និងមានព័ត៌មានមួយចំនួនចុះពីអ្នកគ្រូ ទើបខ្ញុំបានដឹងរឿងរ៉ាវខ្លះៗទាក់ទងពីអ្នកគ្រូ។ ខ្ញុំរំភើបរីករាយ ដែលអ្នកគ្រូត្រឡប់មកវិថីនិពន្ធម្តងទៀត! 

បកមក “ទន្សាយជាអ្នកណា” វិញ ខ្ញុំអានដោយភ្ញាក់ផ្អើល លាយនឹងទឹកភ្នែក ព្រោះមិននឹកស្មានថាជិវិតអ្នកនិពន្ធទន្សាយមិនរលូនល្អ ដូចអ្វីដែលខ្ញុំធ្លាប់ជឿជាក់នោះទេ។ ក្នុងនាមជាកូនស្រីច្បង ជាមនុស្សស្រី ជាអ្នកនិពន្ធ ជាភរិយា ជាកូនប្រសា ជាម្តាយផង ឪពុកផង អ្នកគ្រូពិតជាបានលះបង់ចោលអស់ហើយនូវភាពរីករាយក្នុងជីវិត។ តែចុងក្រោយ ខ្ញុំក៏ស្រក់ទឹកភ្នែកម្តងទៀត ពេលអ្នកគ្រូចាប់ផ្តើមតំណាលដល់រឿងបងផល កូនចាបមាស និងបង ថុន ថាវរី ដែលបានទៅលេងគាត់ ហើយចុងក្រោយកូនចាបមាស និងបងថាវរី បានក្លាយជាកូនធម៌របស់អ្នកគ្រូ ហើយនឹងផ្តល់កម្លាំងចិត្តដល់អ្នកគ្រូឱ្យកាន់ប៊ិកសរសេរជាថ្មីម្តងទៀត។  “ប្រលោមចិត្ត” ជាសៀវភៅដែលអ្នកគ្រូសរសេរដោយដាក់ក្រដាសលើភ្លៅ។ កម្លាំងកាយអ្នកគ្រូមិនល្អដូចមនុស្សផ្សេងទៀតក្នុងវ័យគាត់ទេ តែកម្លាំងចិត្តអ្នកគ្រូគឺនៅតែខ្លាំងក្លា ទើប “ប្រលោមចិត្ត “ អាចលេចជារូបរាងបាន។  ខ្ញុំគ្មានពាក្យអ្វីនិយាយទៀតទេ ខ្ញុំមានតែពាក្យថាអរគុណអ្នកគ្រូ និងអ្នកដែលចូលរួមផ្តល់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីឱ្យអ្នកគ្រូត្រឡប់មកវិថីនិពន្ធម្តងទៀត។ ខ្ញុំជូនពរអ្នកគ្រូឱ្យមានសុខភាពល្អ។ 

ខ្ញុំពិតជាចង់ឆ្លៀតក្នុងឱកាសនេះដើម្បីអរគុណអ្នកគ្រូ​និងអ្នកនិពន្ធខ្មែរគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនិពន្ធសៀវភៅ ដើម្បីអ្នកអាន ដែលមានខ្ញុំម្នាក់នៅក្នុងនោះដែរ។ ការណ៍ដែលខ្ញុំអាចក្លាយជាអ្នកនិពន្ធបាន គឺពិតណាស់ថាមានការចូលរួមចំណែករបស់អ្នកនិពន្ធខ្មែរគ្រប់រូប។

ឃ្លាដែលពេញចិត្តជាងគេ៖

  • ខ្ញុំពេញចិត្តគ្រប់ទំព័រ គ្រប់អត្ថន័យ នៃជីវិតពិតរបស់អ្នកគ្រូ 

Facebook Page: https://www.facebook.com/dynawriter

YoutubeChannel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#សប្តាហ៍សៀវភៅ_ទន្សាយជាអ្នកណា _អ្នកគ្រូម៉ៅសំណាង

#កុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹម

#ឈឺបេះដូងឈោងសុបិន

ចំណុចសំខាន់ខ្លះៗ ពីធាតុនៃប្រលោមលោក 

ចំណុចដកស្រង់ពី “ធាតុសំខាន់ៗ នៃប្រលោមលោក” សិក្សាកថា និង រៀបរៀងដោយ សារ៉ន ស្រីនិត សមាជិកសមាគមអ្នកអក្សរសិល្ប៍កម្ពុជា 

១. ប្រលោមលោកពីដើមហៅសាស្ត្រាល្បែង  ឬរឿងល្បែង ខាងសម្រាយ ច្រើនតែតែងជាពាក្យកាព្យ ។

២. ប្រលោកលោកបច្ចុប្បន្ន៖ ប្រលោមលោកស្នេហា,  ប្រលោមលោកកសាងជីវភាពខ្លួន និង  ប្រលោមលោកប្រវត្តិសាស្ត្រ។ 

៣. សាស្ត្រាល្បើកពីដើមមានដូចជា៖ ល្បើកជូជក ល្បើកមហារាជ ដែលគេលើកបំផ្លើសក្នុងរឿងមហាជាតក៍ជាដើម ។

៤. ប្រលោមអក្សរសិល្បិ៍ ជាផ្នែក ឬកម្រងរឿងរ៉ាវទាំងឡាយ ដែលអ្នកនិពន្ធតែងប្រតិដ្ឋ ចងក្រងឡើង តាមបែបមនោគតិ តាមមនោសញ្ចេតនារបស់ខ្លួន ដោយដកស្រង់យករឿងរបស់មនុស្ស  ពិសេសកាមតណ្ហាក្តី រឿងទាស់ទែងក្នុងគ្រួសារក្តី រឿងផ្សងព្រេងរបស់មនុស្សក្តី មកចងតែងជាដំណើររឿងសម្រាប់បំពេរអារម្មណ៍អ្នកអាន ឱ្យរំភើបញាប់ញ័រ ភ័យ ព្រួយ សប្បាយ កើតទុក្ខ លន្លង់លន្លោច ហាក់ដូចជាបានឋិតក្នុងបរិយាកាសណាមួយ ដែលប្លែកអំពីធម្មតា។ 

៥. សាស្ត្រល្បែង ជាអត្ថបទអក្សរសិល្ប៍ស្តីពីរឿងរ៉ាវនានានិពន្ធប្រតិដ្ឋឡើង ក្នុងរចនាបថកំណាព្យ កាព្យឃ្លោង រហូតមកដល់ដើមសតវត្សទី ២០ ។ 

៦. ប្រលោមលោកសម័យបុរាណ៖ ទទួលឥទ្ធិពលពីសាសនា។

៧. ប្រលោមលោកសម័យកណ្តាល៖៖ ទទួលឥទ្ធិពលពីជាតកក្នុងពុទ្ធសាសនា ដូចជាពុទ្ធិសែន ហង្សយន្ត មរណៈមាតា ។ ទាំងពីរនេះជាសាស្ត្រាល្បែង។ 

៧. ឯកសារខ្លះ៖ រឿងខ្លី​ រឿងខ្នាតខ្លី និងរឿងខ្នាតវែង។ 

 ១.  រឿងខ្លី៖ ចុះក្នុងទស្សនាវដ្តី ឬ សារព័ត៌មានជាដើម ពី ២ ទោ ៣​ ទំព័រ ឬ ៧ – ៨ ទំព័រ។      បើចង់បោះជាសៀវភៅ រៀបដាក់ពី ៣ ទៅ ៥ រឿង សម្រាប់ ១ ក្បាល។

២. រឿងខ្នាតខ្លី៖ កម្រាស់ក្រោម ១០០ ទំព័រ

៣. រឿងខ្នាតវែង៖ ចាប់ពី ១០០ ទំព័រ 

៨. ធាតុនៃប្រលោមលោក

១.កាលអាកាស ៖ សង្គមប្រវត្តិ (ការគ្រប់គ្រង បញ្ហា និយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វណ្ណៈ…) សង្គមបញ្ហា ៖ ការរស់នៅទាក់ទងនឹងជីវភាព , សង្គមបរិយាកាស៖ ចិត្តថ្លើម របស់ប្រជាជន ទៅនឹងការគ្រប់គ្រង ជំនឿ សាសសនា ប្រពៃណី ជាដើម

២.តួអង្គ៖ Protagonist: ទទួលខុសត្រូវលើការសម្រេចគោលបំណង ឬគោលដៅរបស់រឿង ជាអ្នកបញ្ជាលើសកម្មភាពរបស់រឿង គុណធម៌របស់តួអង្គ protagonist ក៏មានការប្រែប្រួលផងដែរ។ Antagonist : ប្រឆាំងជាមួយនឹង protogonist និងខ្លះត្រូវបានរៀបចំដើម្បីកំដសាច់រឿងឱ្យទាក់ទាញ

៣.ទំនាស់ និងបញ្ហារឿង ៖ ក្នុង និងក្រៅ។ 

៤.ទស្សនៈរបស់អ្នកនិពន្ធ

សូមឈ្វេងយល់បន្ថែមពីអត្ថបទនេះ តាមរយៈការអានឯកសារដើម ដែលមានបរិយាយ ក្បោះក្បាយជាងចំណុចដក ស្រង់របស់ខ្ញុំ ឬតាមរយៈប្រភពផ្សេងៗទៀត ដែលមិត្តអ្នកអានអាចរកបាន។ ខ្ញុំរីករាយនឹងការចែករំលែកបទពិសោធ របស់អ្នកទាំងអស់គ្នា ឬប្រភព ដែលអាចឱ្យខ្ញុំអាចសិក្សាបន្ថែមអំពីអក្សរសិល្ប៍ខ្មែរ។

តំណភ្ជាប់ទៅប្រភពដើម៖ https://drive.google.com/file/d/15n44j9BaaEcYUcGKmYpCbAu85y9KdYjC/view?fbclid=IwAR2YR7zaDF5Gh40edr7220v65zp0REJ2QwmiyCte_Og5RfdVVr3IsLsRSxc

ខ្ញុំធ្លាប់បានឃើញតំណភ្ជាប់ខាងលើនេះបង្ហោះលើហ្វេសប៊ុកផេករបស់សមាគមអ្នកអក្សរសិល្ប៍កម្ពុជា។ អ្នកទាំងអស់គ្នាក៏អាចទទួលបានចំណេះដឹងបន្ថែមពីផេករបស់សមាគមអ្នកអក្សរសិល្ប៍កម្ពុជាផងដែរ តាមរយៈតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/CambodiaLiteratureAssociation/?ref=br_tf&epa=SEARCH_BOX

Facebook Page: https://www.facebook.com/dynawriter

YoutubeChannel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#T2MM

#KeepFightingStayInspiring

#HealYourSouldHoldYourDream

តើគេជាបុរសដែលឱ្យតម្លៃនារីដែលខ្លួនស្រឡាញ់ទេ?


យើងចូលចិត្តនិយាយថានារីដែលរកបានបុរសសង្ហា មានទ្រព្យ ឬ មានចំណេះជាគូគាប់ ច្រើនតែជានារីមានសំណាង។ សំណាង ឬមិនសំណាងមិនមែនសំដៅលើរូបរាងខាងក្រៅ ទឹកលុយក្នុងធនាគារ ឬសូម្បី តែចំណេះ ដែលមាននៅក្នុងខ្លួន បុរសនោះឡើយ។ ពោលគឺសំដៅទៅលើទឹកចិត្ត ក្តីស្រឡាញ់ និងការប្រព្រឹត្តរបស់បុរសនោះ ចំពោះនារីដែលខ្លួនស្រឡាញ់។ ថ្ងៃនេះខ្ញុំសូមលើកយកវិធីងាយៗ ដែលទំនងជាអាចឱ្យនារីៗ សម្គាល់បានខ្លះ ថាតើយើងធ្វើដូចម្តេច ទើបអាចដឹងថាបុរសដែល យើងកំពុងសេពគប់ជាមួយ ជាមនុស្សដែលឱ្យតម្លៃយើង ឬក៏អត់។

១. មិនបំបាក់មុខយើង ទោះនៅតែពីរនាក់ នៅទីសាធារណៈ ឬ កណ្តាលចំណោម

명민호 

គេចូលចិត្តនិយាយថាបុរសត្រូវការកិត្តិយសណាស់។ ពាក្យនេះមិនខុសទេ។ តែសូមកុំភ្លេចថានារីក៏ស្រឡាញ់កិត្តិយសរបស់ ខ្លួន។ បុរសដែលស្រឡាញ់កិត្តិយស សូមឱ្យវាជាកិត្តិយសដ៏ថ្លៃថ្នូរ ដែលមិនមែន បានមកពីការជិះជាន់លើស្ត្រី ការគ្រប់ គ្រងលើស្ត្រី ឬការស្តីបន្ទោសឱ្យស្ត្រី  ទោះយើងនៅតែពីរនាក់ ឬក៏ទីសារធារណៈក៏ដោយនោះទេ។ បើសិនជាអ្នកជាស្វាមី ហើយហៅមិត្តភក្តិមកហូបចុកនៅផ្ទះ ហើយបញ្ជាឱ្យប្រពន្ធធ្វើម្ហូបនេះ ឬម្ហូបនោះ ដើម្បីទទួលមិត្តរបស់អ្នក។ លុះប្រពន្ធ លើកមកយឺត ឬធ្វើមិន ទាន់ចិត្ត ឬមិនឆ្ងាញ់ អ្នកក៏តាំងស្តីឱ្យនាងភ្លាមៗ ដោយមិនទុកមុខឱ្យ មិនយល់ពីការលំបាក របស់នាង ដែល មើលកូនផង ហើយធ្វើម្ហូបជាច្រើនមុខ ក្នុងពេលតែមួយ ដោយគ្មានអ្នកជួយ។ ការណ៍ដែលអ្នកអាច ស្តីឱ្យនាងបាន មិនមែនហៅថាអ្នកជាប្រុសខ្លាំង ឬយកជ័យជំនះកាន់ពានកិត្តិយសក្នុងវង់ផឹកស៊ីរបស់អ្នកបាននោះទេ។ តែនេះហៅ ថាប្តីមិនឱ្យតម្លៃភរិយា។ 

២. គ្មានទឹកចិត្ត

This Korean Artist Giving Serious #Couplesgoals Through His Illustration Drawing

មិនប្រាកដថាគ្រប់បុរសដែលស្រឡាញ់នារី សុទ្ធតែមានទឹកចិត្តចំពោះនាងនោះទេ។ អ្នកខ្លះបានតែ ស្រឡាញ់ រកស្រួល រកល្អឱ្យតែខ្លួនឯងប៉ុណ្ណោះ។ ពេលនាងមានបញ្ហាតិចតួច ក៏ធ្វើជាមិនរវល់ ដោយយក លេសថាខ្លួនរវល់ពេក​ ទើបមិនដឹង។  គេថាមនុស្សស្តីចូលចិត្តពិបាកចិត្ត ទោះបីជារឿងតូចតាច ដូច្នេះហើយ ទើបបុរសមិនសូវចាប់អារម្មណ៍។ រឿងតូចតាចក៏ដោយ ធំក៏ដោយ បើបុរសនោះ ជាមនុស្សគ្មានទឹកចិត្ត គឹនឹងមិនខ្វល់ដាច់ខាត។ ក្រៅពីនេះ ក៏យើងអាចសម្គាល់បាននៅពេលចេញទៅ ក្រៅជាមួយគ្នាបានដែរ។ ឧទាហរណ៍ថា យើងទិញកាហ្វេពីរកែវ ហើយយើងត្រូវស្ពាយកាតាបផង។ បើយើងដើរម្នាក់ឯង មិនសូវអីទេ។ តែបើដើរជាមួយបុរសដែលស្រឡាញ់យើង ហើយគេដើរទៅដោយ គ្មានចាប់អារម្មណ៍សួរថា គេអាចជួយកាន់កែវកាហ្វេបានឬអត់ នោះក៏អាចបង្ហាញថាគេមិនឱ្យតម្លៃយើងទេ ព្រោះគេជាមនុស្សគ្មានទឹកចិត្ត។ ខ្ញុំដឹងថាបើនិយាយពីសមភាពយេនឌ័រ គឺស្ត្រីអាចកាន់ខ្លួនឯងបាន ដោយមិនចាំបាច់បុរសទេ តែអ្វីដែលខ្ញុំនិយាយនៅ ទីនេះគឺ រឿងរ៉ាវរបស់បុរស និង ស្ត្រី ដែលជា មនុស្សស្រឡាញ់គ្នា។

៣. មិនទុកទូរសព្ទសំខាន់ជាងយើង

បើវត្តមានរបស់យើងសំខាន់សម្រាប់គេ ហើយរូបយើងមានតម្លៃក្នុងដួងចិត្តគេ រាល់ពេលដែលនៅ ក្បែរយើង ឬនៅជាមួយគ្នា គេគួរតែទុកទូរសព្ទនៅម្ខាង លើកលែងតែពេលមានការងារបន្ទាន់ត្រូវដោះ ស្រាយ។ បើសិនជាទៅណាមកណាជាមួយគ្នា គេលេងតែទូរសព្ទ នោះក៏ទំនងជាមានន័យថាតម្លៃរបស់ យើងមិនស្មើនឹងទូរសព្ទដែលនៅក្នុងដៃរបស់គេផង។

៤. មិនណែនាំយើងឱ្យស្គាល់អ្នកណាសោះ

Cover Mentahan

បើទោះជាទំនាក់ទំនងស្នេហាមិនទាន់ឈានដល់ការគិតគូរពីការរៀបការ ហោចណាស់ គេប្រហែលជា ណែនាំយើងឱ្យស្គាល់ មនុស្សណាម្នាក់ដែលជិតស្និទ្ធនឹងគេ។ ស្រឡាញ់គ្នាមិនមែនជារឿងខុសច្បាប់ ដរាបណាយើងមិនទៅលួចស្រឡាញ់ប្តី ឬប្រពន្ធគេ ឬបុគ្គល ដែលមិនត្រូវបានអនុញ្ញាតឱ្យមានស្នេហា ពេលបំពេញតួនាទីរបស់ខ្លួន។

៥. បំបាក់ទឹកចិត្តយើងមិនឱ្យបន្ត ឬដើរទៅក្តីសុបិន 

50+ Romantic Novels Make You Believe in Love ❤ ❤

មនុស្សគ្រប់គ្នាសុទ្ធតែលមានក្តីសុបិនថាចង់ក្លាយជាអ្វី ឬចង់ធ្វើអ្វី។ ទោះបីជាការដើរទៅដល់គោលដៅគឺ ជាទំនួលខុស ត្រូវរបស់យើង ប៉ុន្តែបើយើងមានដៃគូ គេក៏គួរតែមានចំណែកក្នុងការជួយជំរុញយើងឱ្យ ដើរដល់ក្តីសុបិន។ មិនមែនមក បង្អាក់យើង ហើយប្រាប់ថាយើងធ្វើមិនកើត រួចគួរមកជួយការងារគេ វិញនោះទេ។ មនុស្សដែលស្រឡាញ់យើង គួរតែជា មនុស្សដែលយល់ពីយើងជាងគេ ជំរុញយើងជាងគេ និងឱ្យតម្លៃក្តីសុបិនរបស់យើងជាងគេ។ តែបើយើងចង់ធ្វើអ្វី ក៏គេហាម ក៏គេបង្អាក់ ហើយយើងក៏ ធ្វើតាមគេ នោះមិនមែនជារឿងដ៏ត្រឹមត្រូវទេ។ ចុះបើបែកគ្នា យើងមិនបាត់បង់ទាំងមនុស្ស និងសុបិន របស់យើងទៅហើយមែនទេ?

៦. សន្យាខ្យល់

'Cores de Outono', de Ricardo Saraiva

ពេលគេលែងចាំគ្រប់រឿងដែលបាននិយាយជាមួយយើង ហើយធ្វើវាជារឿយៗ នោះបានន័យថាតម្លៃ របស់យើងវាមិនខុស ពីខ្យល់ ដែលបក់ប៉ះកាយរបស់គេ រួចហើយក៏ផុតទៅបាត់ ដោយគ្មានបន្សល់ទុកអ្វីទាំងអស់។ បើអ្វីដែលគេសន្យា គេបែរ ជាភ្លេច មិនរវល់ ហើយមិនសូម្បីតែប្រាប់យើងពីហេតុផល នោះប្រហែលជាសញ្ញាមួយនៃការអស់ក្តីស្រឡាញ់ និងលែងឱ្យ តម្លៃយើងផងក៏មិនដឹង។

៧. សម្រេចចិត្តគ្រប់រឿង ដោយមិនចាំបាច់ប្រាប់ ឬពិភាក្សាជាមួយយើង

🌺😊HoussinAbelouas on Twitter

មនុស្សម្នាក់ៗមានសិទ្ធិសម្រេចនូវរឿងដែលពាក់ព័ន្ធនឹងជីវិតរបស់ខ្លួនឯង។ ប៉ុន្តែការចេះយករឿងរ៉ាវ ណាមួយ ទៅប្រាប់ ឬពិភាក្សាជាមួយមនុស្សដែលយើងស្រឡាញ់គឺបង្ហាញពីការគោរព និងឱ្យតម្លៃរបស់យើងចំពោះ មនុស្សដែលយើង ស្រឡាញ់។ ចំពោះនារីវិញ នាងមិនមែនទៅទាមទារដឹងរឿងរបស់ ដែលស្រឡាញ់នាងគ្រប់រឿងនោះទេ តែពេលដែលបុរស នោះមិនដែលរំលងនាងនូវរាល់ការសម្រេចចិត្តធំៗ នោះនឹងធ្វើឱ្យនាងមានអារម្មណ៍ថានាងត្រូវបានផ្តល់តម្លៃក្នុងនាមជាស្ត្រី ដែលគេស្រឡាញ់។

៨. ដឹងតាមរយៈអារម្មណ៍ខ្លួនឯង

DynaT2MM

រឿងនេះមិនអាចមានអ្នកណាមកប្រាប់យើងបានទេ។ តែវាជាការដឹងដោយអារម្មណ៍។ មិនមែននៅសុខៗ និងពីមួយថ្ងៃ ទៅមួយថ្ងៃ យើងចេះតែមានអារម្មណ៍ថាយើងគ្មានតម្លៃក្នុងភ្នែកបុរសដែលស្រឡាញ់យើងនោះទេ។ វាអាចមកពីបុរសនោះ បានធ្វើអ្វីមួយឱ្យយើងដក់ជាប់នូវមន្ទិល។ ករណីនេះសូមសាកសួរ ខ្លួនឯងឱ្យច្បាស់ថាយើង កំពុងតែមានអារម្មណ៍គ្មាន តម្លៃសម្រាប់គេ ដោយសារទង្វើរបស់គេមកលើយើង ឬក៏ដោយសារតែយើងកំពុងជួបនូវវិបត្តិណាមួយ (ឧ. អារម្មណ៍ធ្លាក់ទឹកចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត ដែលធ្វើឱ្យយើងគិតថាខ្លួនជាមនុស្សគ្មានតម្លៃ)។

៩. មិនប៉ះពាល់ខ្លួនយើងដោយគ្មានការអនុញ្ញាត

Descarga gratis Mujer Triste Que Representa El Concepto De Violencia De Género

ជាមនុស្សស្រឡាញ់គ្នា បើខាងប្រុសឱ្យតម្លៃ ច្បាស់ណាស់គេនឹងសុំអនុញ្ញាតពីយើងជាមុនសិន។ ជាមនុស្សស្រឡាញ់គ្នា មិនមែនមានន័យថាគេចង់ចាប់ដៃ ចង់ថើប យើងពេលណាក៏បាន ទីណាក៏បាននោះទេ។ បើបុរសណានៅតែមានះធ្វើបែបនេះ ដោយយើងមិនយល់ព្រម ហើយយើងមានអារម្មណ៍មិនស្វាគមន៍ ភ័យខ្លាច នោះបានន័យថាគេកំពុងតែបៀតបៀន ផ្លូវភេទលើ យើងហើយ។ សូមអានអត្ថបទ#ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ (https://kimdyna19.wordpress.com/2020/06/15/ការបៀតបៀនផ្លូវភេទនៅកន្/) ដើម្បីឈ្វេងយល់បន្ថែម។ 

អាចនៅមានចំណុចផ្សេងៗ ដែលទំនងដូចជាអាចបញ្ជាក់ថាបុរសដែលយើងកំពុងសេពគប់ជាមួយ មិនបានឱ្យតម្លៃយើងក្នុង នាមជានារីដែលគេស្រឡាញ់ អាស្រ័យលើបទពិសោធរបស់មិត្តអ្នកអាន។

ជាចុងក្រោយ បុរសណាមិនឱ្យតម្លៃយើង សូមអនុញ្ញាតឱ្យគេចាកចេញទៅរកមនុស្សណា ដែលស័ក្តិសមនឹងសមត្ថភាពនៃ តម្លៃដែលមានក្នុងខ្លួនរបស់គេចុះ។

Picture Credit: Pinterest

Facebook Page: https://www.facebook.com/dynawriter

YoutubeChannel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#T2MM

#DynaDiary_Love

#KeepFightingStayInspiring

#HealYourSouldHoldYourDream




“កុំប្រៀបធៀបខ្ញុំនឹងកូនអ្នកជិតខាងបានទេ?”

“ហេតុអីក៏ត្រូវប្រៀបធៀបខ្ញុំនឹងកូនរបស់អ្នកជិតខាង បើទោះជាកូនគេមើលទៅជោគជ័យជាងខ្ញុំ?” ប្រហែលនេះជាសំឡេងដែលលាន់ឮនៅក្នុងខួរក្បាលរបស់យើង ហើយបញ្ជូនភាពឈឺចាប់ទៅដល់បេះដូង រាល់ពេលដែលម្តាយឪពុករបស់យើងលើកឡើងពីកូនអ្នកជិតខាង ក្នុងន័យឱ្យយើងដែលជាកូន ឃើញគេល្អ​ ហើយយកគំរូតាមគេ។ មិនមែនគ្រប់ការប្រៀបធៀបបែបនេះ សុទ្ធតែជួយជំរុញកូនឱ្យបានក្លាយជាមនុស្សល្អនោះទេ។ គ្រួសារគួរតែជាកម្លាំងចិត្ត នៅពេលកូនមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ គ្រួសារគួរតែជាជញ្ជាំងដ៏រឹងមាំនៅពេលដែលកូនស្ទើរតែបាត់បង់ជំហ។

 “កូនអ្នកជិតខាង” គ្រាន់តែជាសំឡេងមួយរបស់កូនណាម្នាក់ក្នុងពិភពលោកនេះ ដែលមិនចង់ឱ្យម្តាយឪពុករបស់ខ្លួន ប្រៀបធៀបខ្លួន ទៅនឹងកូនអ្នកដទៃ។ 

ខាងក្រោមនេះគឺជាសំឡេងរបស់វិបុល ដែលដកស្រង់ចេញពីសៀវភៅ “មនុស្សបាក់ទឹកចិត្ត” 

[…] កើតមក ដោយមាននិស្ស័យចូលចិត្តខាងតន្ត្រីនិងវិស័យ ភាពយន្ត! ខ្ញុំតែងប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំរឿង ហើយលេងហ្គីតានៅពេលដែលខ្ញុំស្ត្រេសពីការងារ ឬពិបាកចិត្តខ្លាំង  ប៉ុន្តែនិស្ស័យទាំងអស់នេះ បានផ្តល់នូវភាពក្រៀមក្រំផ្លូវចិត្តដល់ខ្ញុំយ៉ាងខ្លាំង បើទោះខ្ញុំស្រឡាញ់វាយ៉ាងណាក៏ដោយ ព្រោះវាធ្វើឱ្យអ្នកផ្ទះខ្ញុំគិតអគតិចំពោះខ្ញុំ  ពួកគាត់គិតថាខ្ញុំជាមនុស្សអត់បានការ និងមិនល្អដូចកូនអ្នកជិតខាង។  ខ្ញុំជាមនុស្សមិនសូវចេះនិយាយ និងមិនដឹងនិយាយថាម៉េចដើម្បីឱ្យអ្នកផ្ទះយល់ពីចិត្តខ្ញុំ ទើបខ្ញុំចេះតែសរសេរកំណត់ហេតុរបស់ខ្លួនជាហូរហែ ដើម្បីបន្ធូរអារម្មណ៍ខ្លះ។ រាល់ពេលម៉ាក់ប៉ាសរសើរពីកូនអ្នកជិតខាង ខ្ញុំចេះតែអន់ចិត្ត មិនមែនមកពីច្រណែនទេ តែខ្ញុំខឹងនឹងខ្លួនឯង​ ម៉េចក៏គ្មាននិស្ស័យដូចកូនរបស់អ្នកជិតខាងដែលអាចធ្វើឱ្យប៉ាម៉ាក់ខ្ញុំសប្បាយចិត្ត? ខ្ញុំក៏ចង់ឱ្យម៉ាក់ប៉ាសប្បាយចិត្ត ដោយការដើរតាមទិសដៅដែលគាត់កំណត់ឱ្យខ្ញុំ ប៉ុន្តែការព្យាយាមធ្វើជា​អ្នកណាម្នាក់ដែលមិនមែនជាខ្លួនយើង  មិនខុសពីការយកកំាបិត​មកចៀរសាច់ខ្លួនឯងម្តងមួយចម្រៀកៗ។  ពេលខ្លះខ្ញុំសរសើរ​ខ្លួនឯងដែលអាចជម្នះនូវការរាំងស្ទះពីគ្រួសារ បើទោះបីជាខ្ញុំ​រឹងប៉ឹងយ៉ាងណា ខ្ញុំប្រឹងយ៉ាងណា ក៏ខ្ញុំនៅតែជាកូន ជាប្អូន​ដែល​ត្រូវការការលើកទឹកចិត្តពីម៉ាក់ប៉ា  ពីបងស្រី  ព្រោះគ្រួសារជា​ចំណែកមួយយ៉ាងសំខាន់ក្នុងជីវិតរបស់ខ្ញុំ។  បើសូម្បីតែគ្រួសារ​ក៏មិនគាំទ្រខ្ញុំ មិនឱ្យតម្លៃខ្ញុំ តើខ្ញុំដែលជាមនុស្សធម្មតាម្នាក់នេះ​ អាចប្រឹងជម្នះបានដល់ពេលណា?  ជីវិតរបស់មនុស្សយើងមិន​ដឹងទៅវិញពេលណាទេ ដូច្នេះមុននឹងចាកចេញទៅវិញ ខ្ញុំចង់ធ្វើ​ការងារដែលខ្ញុំស្រឡាញ់ខ្លះ ក្រែងលោខ្ញុំមិនស្តាយក្រោយ នៅ​ពេលដែលអ្វីៗក៏កន្លងហួសអស់នោះ។  ប៉ាម៉ាក់  បើមានជាតិក្រោយខ្ញុំសូមកើតធ្វើជាកូនអ្នកជិតខាងរបស់យើង ក្រែងម៉ាក់និង

ប៉ាអាចពេញចិត្តខ្ញុំ ដូចពេញចិត្តកូនរបស់គេនៅពេលនេះ។

បើមានជាតិក្រោយ ខ្ញុំចង់ឱ្យកូនអ្នកជិតខាងរបស់យើង​ ក្លាយ​ជាកូនប៉ាម៉ាក់ ក្រែងលោ ប៉ាម៉ាក់អាចមានមោទកភាពនឹងគេ​ជាជាងមានខ្ញុំជាកូន។

ប៉ាម៉ាក់តែងចង់ឱ្យខ្ញុំដូចកូនអ្នកជិតខាង  តែប៉ាម៉ាក់ដែល​សួរខ្ញុំទេ ថាពេលខ្លះខ្ញុំក៏ចង់មានគ្រួសារដូចជាគ្រួសារអ្នកជិតខាងយើងដែលយល់ពីចិត្តកូនរបស់គេ ហើយគាំទ្រនិងលើកទឹកចិត្តរហូត។

ខ្ញុំប្រឹងអស់ពីលទ្ធភាពហើយ គឺប្រឹងធ្វើខ្លួនឱ្យបានល្អដោយ​មិនតមាត់ ឬ​ច្រងេងច្រងាងនឹងប៉ាម៉ាក់។   ទោះបីខ្ញុំខំព្យាយាម​បង្ហាញថាអ្វីដែលខ្ញុំស្រឡាញ់ គឺជាអ្វីដែលល្អបំផុតសម្រាប់ជីវិត​របស់ខ្ញុំយ៉ាងណាក៏ដោយ  ក៏ខ្ញុំនៅតែមិនអាចល្អដូចកូនរបស់ អ្នក​ជិតខាង   ព្រោះកូនអ្នកជិតខាងមិនមែនជាកូនរបស់ប៉ាម៉ាក់ហើយ​ខ្ញុំក៏មិនមែនជាកូនរបស់អ្នកជិតខាង តែជាកូនរបស់ប៉ាម៉ាក់។ […] 

………………………………..

ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកដែលមានរឿងរ៉ាវស្រដៀងគ្នានេះ ហ៊ាននិយាយពីបញ្ហានេះជាមួយនឹងក្រុមគ្រសាររបស់ខ្លួន ឬមនុស្សដែលជិតស្និទ្ធនឹងខ្លួន។  

បញ្ហាតែងតែមានដំណោះស្រាយ! សូមកុំអស់សង្ឃឹម កុំបោះបង់ខ្លួនឯង ដរាបនៅមានព្រះអាទិត្យ 

Feature Image: Pinterest 

មនុស្សបាក់ទឹកចិត្ត

អាចរកទិញបាននៅហាងសៀវភៅ Le Story តាមអាសយដ្ឋានដូចខាងក្រោម៖

🏠 អគារ 184, ផ្លូវ 208 (ជិតសាលាបញ្ញាសាស្ដ្រសម្ដេចប៉ាន)
📌 Link ទីតាំង: https://goo.gl/maps/S2diCmSA9Cq2d6HV8
📍 IG: le.story_bookshop
📍 FB: Le Story
📲 015 79 10 72

Facebook Page: https://www.facebook.com/dynawriter

Youtube Channel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#កុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹម

#ឈឺបេះដូងឈោងសុបិន

#មនុស្សបាក់ទឹកចិត្ត

សប្តាហ៍សៀវភៅ៖ ចាំស្នេហ៍វិលវិញ ដោយអ្នកនិពន្ធ ឈាង វរលក្ខណ៍

សៀវភៅ “ចាំស្នេហ៍វិលវិញ” 

ប្រភេទ៖ ប្រលោមលោកបែបមនោសញ្ចេតនា

និពន្ធដោយ៖ អ្នកនិពន្ធ ឈាង វរលក្ខណ៍

បោះពុម្ពឆ្នាំ ២០២០

ទំព័រ៖ ២១០  ទំព័រ

តម្លៃ៖  ២៨.០០០ រៀល

សង្ខេប៖ 

បុប្ផាជាយដែនដ៏បរិសុទ្ធ ឈ្មោះ នារី ជាកូនរបស់អតីតយោធិនពិការ និងស្ត្រីដែលមានភក្តីភាព ចំពោះស្វាមី និងគ្រួសារ។ នារីមានបងប្អូនពីរនាក់ទៀត។ ដោយសារតែជីវភាពគ្រួសារ នាងមិនបានរៀនខ្ពង់ខ្ពស់នោះទេ តែនាងមានចរិយាប្រពៃ បើទោះបីក្នុងឋានៈជា អ្នករត់តុនៅ ហាង គុយទាវ ក៏នាងអាចអន្ទងនូវចំណាប់អារម្មណ៍របស់កំលោះ កុសល ដែលជាកូនប្រុស របស់ម្ចាស់វង់តន្ត្រីដ៏ល្បីឈ្មោះមួយប្រចាំខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ។ មិនខុសពី ស្នេហា អ្នកមាន និងអ្នកក្រក្នុងសង្គមខ្មែរ ឬសូម្បីតែប្រលោមលោកនានានោះទេ រនាំងវណ្ណៈគឺ ជាឧបសគ្គដ៏ធំបំផុតសម្រាប់ស្នេហាដ៏ស្មោះស្ម័គ្ររបស់គូស្នេហ៍ជាយដែនមួយគូនេះ។ វណ្ណៈ នេះហើយដែលបង្កជាព្យុះព្យោបោកបក់នាវាស្នេហារបស់ពួកគេ រហូតកុសលត្រូវទៅ បន្តការសិក្សានៅឯបរទេស ខណៈនារីត្រូវរសាត់អណ្តែតដល់ទីក្រុងភ្នំពេញ ដើម្បីស្វែងរក ដំណោះស្រាយជួយម្តាយរបស់នាងដែលកំពុងតែឈឺធ្ងន់។ រាជធានីភ្នំពេញ ជាទីដែល នាងបាន ភប់ប្រសប់នឹងបុរសចំណាស់ម្នាក់ឈ្មោះនិម្មិត ដែលបានជួយនាងពីការប៉ុនប៉ង សម្លាប់ខ្លួន និងជួយបញ្ជូនម្តាយរបស់នាងទៅព្យាបាលនៅប្រទេសជិតខាង។ រឿងដ៏គួរឱ្យ ភ្ញាក់ផ្អើល គឺលោកនិម្មិតក៏បានរៀបការជាមួយនារី ដែលមានមុខមាត់ដូចនឹងភរិយា មុនរបស់លោក បេះបិទ។ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ បានបន្សល់នូវកូនស្រីមួយ គឺ កែវ មរកត ក្រោយរៀបការបានជាង ១០ ឆ្នាំ ហើយក្រោយមកលោក និម្មិតក៏បាន លាចាក លោកទៅ។ កែវបានត្រឡប់ទៅរស់នៅស្រុកកំណើត។ និស្ស័យនៅ មិនទាន់អស់ នាងក៏បាន ជួបកុសលម្តង ទៀត។ ភាពជាស្ត្រីមេម៉ាយ បានក្លាយជារនាំងទីពីរ ដែលបានឃាឃាំងដួងចិត្ត ស្រស់ស្រីមិនឱ្យ ទទួលយកគេ បើទោះជាសេចក្តីស្រឡាញ់ នៅតែជាទឹកសន្សើមប្រោះព្រំ បេះដូងនាង យ៉ាងណាក្តី។ ចង់ដឹងថា តើកុសលនឹងធ្វើដូចម្តេច ដើម្បីឱ្យនារីព្រមទទួលរូបគេ ក្រោយបែកគ្នា អស់ជិត ១៥ ឆ្នាំ? តើមានអាថ៌កំបាំងអ្វីផ្សេង ទៀតទេ នៅក្នុងប្រវត្តិគ្រួសារ របស់នារី និងបុគ្គលដែលជាសាច់ឈាមរបស់កុសល ដែលជាចំណែកបំបែកបំបាក់ ស្នេហាអ្នកទាំងពីរ? ចម្លើយគឺមាននៅក្នុងតួអក្ខរាដែលពួតដៃគ្នាដំឡើងជាសាច់រឿង “ចាំស្នេហ៍វិលវិញ” របសអ្នកនិពន្ធ ឈាង វរលក្ខណ៍។ 

ចំណាប់អារម្មណ៍៖ 

ចំណងជើង “ចាំស្នេហ៍វិលវិញ”ជាអ្វីដែលខ្ញុំចាប់អារម្មណ៍ និងសម្រេចចិត្តថាទិញសៀវភៅ នេះអាន ព្រោះចំណងជើងហាក់ដូចជាមានបង្កប់នូវមនោសញ្ចេតនារួចជាស្រេច សម្រាប់ អ្នកអាន ដែលចូលចិត្តប្រលោមលោកប្រភេទនេះដូចជាខ្ញុំ។

ពេលបើកសៀវភៅនេះអានដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រហែលជាមិនអាចអានចប់រឿងនេះ ក្នុងពេលឆាប់ៗនេះទេ ដោយសារខ្ញុំជាមនុស្សមិនចូលចិត្តអានបទពណ៌នាវែងៗ ឬរៀបរាប់ ច្រើន ហើយសូម្បីតែការសរសេរប្រលោមលោក ក៏ខ្ញុំមិនពូកែរឿងពណ៌នា ពីព្រឹត្តិការណ៍ ឬអារម្មណ៍របស់តួផង។ ប៉ុន្តែខ្ញុំមិននឹកស្មានទាល់តែសោះថា  នៅក្នុងផ្នែកពិពណ៌នា អ្នកនិពន្ធ ឈាង វរលក្ខណ៍ ពូកែប្រើប្រាស់ពាក្យពេចន៍  ការប្រៀបធៀប ដែលពីរោះរណ្តំ និងណែងណង រហូតថ្ពក់យកមនោសញ្ចេតនារបស់ខ្ញុំឱ្យចាំបាច់ត្រូវតែអានរឿងនេះឱ្យចប់មិនបានមួយថ្ងៃ

ស្រួលបួលផង (ខ្ញុំទម្លាប់អានប្រលោមលោកនៅថ្ងៃសោរ៍ ឬចុងសប្តាហ៍ ហើយមិនសូវ មានទម្លាប់អានប្រលោមលោកនៅថ្ងៃធ្វើការទេ)។ ប្រលោមលោកណា ដែលមានបទ ពិពណ៌នាវែងៗពេក ខ្ញុំតែងតែរំលងទៅអានឈុតសន្ទនា។ ដោយឡែកចំពោះ “ចាំស្នេហ៍វិលវិញ” ខ្ញុំសឹងតែចូលចិត្តបទពិពណ៌នា ជាងឈុតសន្ទនាទៅទៀត ដោយសារ វាពីរោះ មានន័យ និងមនោសញ្ចេតនា ហូរចូលបេះដូងខ្ញុំបានដោយរលូន។ 

ពេលអានរឿងនេះ អារម្មណ៍របស់ខ្ញុំប្រៀបដូចជាបានអានរឿងដែលនិយាយពីជីវភាព និងទំនាស់ ស្នេហាក្នុងសម័យសង្គមរាស្ត្រនិយមអីឯណោះទេ។ តែដល់ពេលអានយូរទៅ ទើបសម្គាល់ដឹងថារឿងនេះជារឿងសម័យបច្ចប្បន្ន។ មិនមែនខ្ញុំចង់ថាអ្នកនិពន្ធសរសេរ សម័យកាលមិនច្បាស់ទេ តែខ្ញុំចង់មានន័យថាអ្នកនិពន្ធធ្វើឱ្យខ្ញុំវិល ទៅរកអារម្មណ៍នៃការ អានប្រលោម ដែលមានរសជាតិដូចប្រលោមលោកដែលខ្ញុំធ្លាប់និយមចូលចិត្តអាន កាលពីនៅវ័យជំទង់ៗ។ នេះជាចំណុចពិសេសមួយទៀត ដែលខ្ញុំទទួលបានពីរឿងនេះ។ 

“ឈាង វរលក្ខណ៍”​ ប្រហែលជាមិនទាន់មានឈ្មោះនៅលើសៀវភៅច្រើន តែខ្ញុំលើកទឹកចិត្តឱ្យ អ្នកទាំងអស់គ្នាអានស្នាដៃមួយនេះរបស់គាត់។ ពីដើមឡើយ ខ្ញុំជាអ្នកអាន ដែលមិនរើស ប្រលោមលោក ដោយផ្អែកលើឈ្មោះអ្នកនិពន្ធទេ។ ខ្ញុំតែងតែមានជំនឿចិត្តថា អ្នកនិពន្ធថ្មិៗ មានសាច់រឿងល្អៗសម្រាប់អ្នកអាន។ “ចាំស្នេហ៍វិលវិញ”​ មិនបានធ្វើឱ្យជំនឿចិត្តរបស់ ខ្ញុំថមថយ នោះទេ។ 

ដ្បិតថាខ្ញុំសរសេរប្រលោមលោកបានបីចំណងជើងក៏ពិតមែន តែខ្ញុំសង្កេតឃើញ ពីចំណុច វិជ្ជមាន ដែលខ្ញុំអាចរៀនសូត្រដោយប្រយោលពីស្នាដៃអ្នកនិពន្ធ ឈាង វរលក្ខណ៍។

អារម្មណ៍ និងចំណូលចិត្តរបស់មនុស្សតែងតែខុសៗគ្នា។ សូមកុំជឿខ្ញុំទាំងស្រុង។ ស្វែងរក សៀវភៅនេះអាន ហើយចាំចូលរួមចែករំលែក មតិយោបល់របស់អ្នកជាមួយនឹងខ្ញុំណា៎។ 

ឃ្លាដែលពេញចិត្តជាងគេ៖ 

  • មនុស្សយើងទោះមានគេជួយយ៉ាងណាក៏ដោយ តែបើខ្លួនឯងមិនព្រមក្រោកឈរហើយ គឺគ្មានទេពាក្យថាជោគជ័យ ។
  • ឃើញទេ ខ្ញុំនេះហើយគឺជាស្រីលក់ខ្លួន ព្រោះតែស្រេកឃ្លានប្រាក់ តែខ្ញុំគឺជាស្រីលក់ខ្លួន ដ៏ថ្លៃថ្នូរបំផុត ព្រោះខ្ញុំអាចរៀបការជាមួយនឹងប្រុសដែលទិញខ្ញុំបាន។
  • […] ផ្កានេះមួយទងមានតម្លៃមួយដុល្លារ។ កាលពីមុន ខ្ញុំគ្មានលទ្ធភាពទិញវាយកមក ថើប ឬស្រង់ក្លិនទេ តែពេលនេះខ្ញុំមានលុយ ខ្ញុំអាចទិញវាយកមកបោះលេង ឬក៏គ្រវែង ចោលនៅលើដីបាន។ លុយបានធ្វើឱ្យខ្ញុំស្គាល់ពីរសជាតិជីវិត វាបានទាញទាំងរូបខ្ញុំ រួច ខ្វេះយកស្នេហាខ្ញុំទៅកប់នៅក្នុងរណ្តៅមរណៈដ៏ជ្រាលជ្រៅ។ គេដទៃរៀបការរួច ជីវិត គេរីករាយណាស់ ហើយមើលឃើញតែផ្លូវទៅរកវិមាននៃសុភមង្គល តែខ្ញុំវិញ…រៀបការ រួច ជីវិតខ្ញុំក្លាយជាជីវិតឥតន័យ។ ណ្ហើយ! បើស្លាប់ទៅហើយ កុំឱ្យសល់ធាតុអី។ ទឹកភ្នែកដែលរៀបនឹងហូរ ខ្ញុំខំងើយមើលមេឃ ដើម្បីលេបវាចូលទៅវិញ រួចឱនសម្លឹងផ្កានោះម្តងទៀត ទាំងលើកជើង ដែលទើបតែពាក់ស្បែកជើងកែងចោតទៅជាន់ឈ្លីកុលាបមួយទបនោះរហូតខ្ទេចខ្ជទី មើលលែងយល់ ទើបបោះជំហានទៅមុខទៀតទាំងរលួយបេះដូងទងប្រមាត់។ 
  • នៅមានច្រើនទៀត តែចង់ឱ្យអានខ្លួនឯង។ ហិហិ 

Facebook Page: https://www.facebook.com/dynawriter

Youtube Channel: https://www.youtube.com/channel/UCgleeXOLLxznBOO-zCpQ1Xw

#សប្តាហ៍សៀវភៅ_ប្រលោមលោកចាំស្នេហ៍វិលវិញ _អ្នកនិពន្ធឈាងវរលក្ខណ៍

#កុំបោះបង់ងាយកុំរំលាយក្តីសង្ឃឹម

#ឈឺបេះដូងឈោងសុបិន

ស្រឡាញ់មិត្តភក្តិខ្លួនឯង គួរធ្វើម៉េច? 

 

ស្រឡាញ់មនុស្សម្នាក់មិនមែនជាកំហុស  ចុះបើស្រឡាញ់មិត្តភក្តិខ្លួនឯង គួរធ្វើម៉េច? ការពិតទៅការស្រឡាញ់មិត្តភក្តិរបស់ខ្លួនឯងក៏ជារឿងល្អដែរ ព្រោះអ្នកទាំងពីរស្គាល់គ្នា និងដឹងចិត្តគ្នាស្រាប់។ ជាពិសេសចំណុចល្អ ឬមិនល្អ ក៏ស្គាល់បានច្រើន។ 

៦ វិធីដែលយើងគួរដឹង និងធ្វើនៅពេលស្រឡាញ់មិត្តភក្តិខ្លួនឯង៖ 

១. ទុកពេលសួរចិត្តខ្លួនឯងឱ្យច្បាស់ថាជាអារម្មណ៍ស្រឡាញ់ពិត ឬមួយឆាវ

ពេលខ្លះយើងគ្រាន់តែមានអារម្មណ៍មួយឆាវ ដូច្នេះបើយើងមិនច្បាស់ពីចិត្តរបស់ខ្លួនឯង នោះយើងនឹងអាចបាត់បង់មិត្តភាពភ្លាម ប្រសិនបើគេមិនអាចទទួលយកស្នេហារបស់យើង ហើយមិនអាចទទួលការរាប់អានគ្នាដូចដើមបាន។ 

មានវិធីមួយចំនួនដើម្បីអាចដឹងថាយើងស្រឡាញ់គេឬអត់ ដូចជា៖ ការចំណាយពេលនៅម្នាក់ឯង ហើយសួរចិត្តខ្លួនឯងថាពេលគ្មានគេ យើងមានអារម្មណ៍យ៉ាងណា, យើងប្រចណ្ឌ ឬមិនស្ងប់ក្នុងចិត្តទេ ពេលយើងឃើញមិត្តដែលយើងស្រឡាញ់ទៅនិយាយលេង ឬស្និទ្ធស្នាលនឹងមនុស្សម្នាក់ផ្សេងទៀត, បេះដូងយើងរំភើប ឬលោតញាប់ប៉ុនណា ពេលបាននៅក្បែរគេ, ពេលយើងឃើញមនុស្សណាម្នាក់ដែលល្អជាងគេ តើយើងចាប់អារម្មណ៍ ឬមានអារម្មណ៍ដក់ចិត្ត ឬកញ្ជ្រោលទៅរកគេផ្សេងនោះប៉ុនណា។ 

២.  ស្ទាបស្ទង់ពីជម្រៅចិត្តរបស់គេចំពោះយើងវិញ 

មិនមែនដឹងថាស្រឡាញ់គេភ្លាម ទៅសារភាពភ្លែតទេ ព្រោះអ្នកណាក៏ពិបាកទទួលយកដែរ លើកលែងតែថាគេមានចិត្តឱ្យយើងខ្លះដែរ ហើយយើងក៏ទំនងជាដឹងខ្លះៗផងថាគេក៏មានចិត្តឱ្យយើងដែរ។ ប៉ុន្តែករណីយើងស្រឡាញ់គេតែម្ខាង យើងចាំបាច់ត្រូវតែទុកពេល រកឱកាស ដើម្បីស្ទាបស្ទង់មើលពីជម្រៅចិត្តរបស់គេចំពោះយើង។ ករណីយើងស្ទាប់ស្ទង់ទៅ ហើយដឹងថាគេទំនងជាមានចិត្តឱ្យយើងខ្លះដែរ នោះយើងអាចប្រុងប្រៀងរកពេលវេលាសមស្រប ដើម្បីសារភាពជាផ្លូវការ ឬក៏បង្ហាញជាបណ្តើរ (កុំបង្ខំ) ពីអារម្មណ៍របស់យើងចំពោះគេ។ ប៉ុន្តែបើសិនជាយើងដឹងថាគេមិនបានគិតដូចយើងគិតនោះទេ យើងគួរសួរខ្លួនឯង ២ សំណួរ៖ មិត្តភាព ឬ ស្នេហា សំខាន់ជាងចំពោះយើង?  

៣. សួរខ្លួនឯងថាមិត្តភាព ឬ ស្នេហាសំខាន់ចំពោះយើង 

ក្រោយពីដឹងថាគេមិនមានចិត្តចំពោះយើង ហើយយើងមានភាពស្ទាក់ស្ទើរថាគួរ ឬមិនគួរបន្តការស្រឡាញ់ យើងគួរសួរខ្លួនឯងថា តើមិត្តភាព ឬស្នេហាសំខាន់ចំពោះយើង។ បើយើងគិតថាយើងយកមិត្តភាពសំខាន់ យើងអាចព្យាយាមរម្ងាប់ ឬក៏កាត់ចិត្តដោយសម្ងាត់។ តែបើយើងសម្រេចថាយើងយកស្នេហាសំខាន់ យើងសារភាពចុះ ដើម្បីឱ្យអស់ចិត្តខ្លួនឯង។

៤. ពេលវេលាសមស្របក្នុងការសារភាព

ការសារភាពនៅពេលនេះ អាចជាលទ្ធផលដែលយើងបន្តលាក់ស្នេហាក្នុងក្រអៅបេះដូងទៀតលែងបាន រហូតចង់ដង្ហើយឱ្យគេដឹង ឬក៏ដើម្បីឱ្យអស់ចិត្តខ្លួនឯង មុននឹងដើរចេញ។ ពេលវេលាដែលសមស្របបំផុត គួរតែជាពេលដែលយើងបានត្រៀមខ្លួនរួចរាល់ទទួលនូវរាល់ចម្លើយដែលចេញពីមាត់គេ។ បើគេយល់ព្រម យើងសប្បាយចិត្ត។ បើគេមិនយល់ព្រម យើងលែងរាប់អានគេ ឬគេលែងរាប់អានយើង? តើលទ្ធផលទាំងអស់នេះ យើងអាចទទួលបានទេ? បើបាន ក៏យើងត្រូវមើលទៅលើស្ថានភាពរបស់មិត្តដែលយើងស្រឡាញ់ដែរ តើពេលនេះផ្លូវចិត្តគេយ៉ាងម៉េច, ការសិក្សា ការងារ ឬគ្រួសាររបស់គេមានបញ្ហាអីដែរទេ, ឬក៏គេកំពុងនៅក្នុងសម្ពាធណាមួយ។ បើយើងត្រៀមខ្លួនរួចរាល់តែខ្លួនឯង តែយើងមិនមើលលើស្ថានភាពដែលគេកំពុងជួបសោះ ច្បាស់ណាស់ថាការសារភាពរបស់យើងគឺជាពេលវេលាមិនស័ក្តិសមសម្រាប់អ្នកទាំងពីរទេ។ 

៥. ត្រៀមខ្លួនទទួលស្គាល់ការពិត រួចបន្តរស់ដោយរីករាយ ដើម្បីគោលដៅ

ការពិតដែលគេមិនអាចស្រឡាញ់យើង ឬស្រឡាញ់យើងដែរ គឺយើងត្រូវតែទទួលទាំងអស់។ ទទួលហើយ សូមកុំភ្លេចថាយើងមានគោលដៅអ្វី។ បើស្នេហាជាគោលដៅមួយ តែជួបរឿងខកចិត្ត សូមយើងប្រាប់ខ្លួនឯងថា ពេលវេលាសមស្របមិនទាន់មកដល់ មនុស្សល្អ ឬគូរបស់យើងក៏មិនទាន់បានជួបដែរ។ ប្រហែលជានៅពេលដែលយើងជោគជ័យក្នុងការងារ ឬអាជីព ស្នេហានឹងមកតាមក្រោយ ហើយមិនឱ្យដំណឹងសោះក៏ថាបាន។ 

៦.រំឮកខ្លួនឯង៖  មិត្តភាពអាចក្លាយជាស្នេហា តែមិនមែនគ្រប់ស្នេហា សុទ្ធតែអាចក្លាយជាមិត្តភាពវិញទេ

ពាក្យនេះប្រហែលជាយើងធ្លាប់ឮច្រើនមកហើយ។ ដូច្នេះរៀនត្រៀមចិត្ត! 😀

អត្ថបទ “ស្រឡាញ់មិត្តរបស់ខ្លួន” ជាកំហុស?៖ https://kimdyna19.wordpress.com/2020/10/06/ស្រឡាញ់មិត្តរបស់ខ្លួន/

#T2MM

#DynaDiary_Love

#KeepFightingStayInspiring

#HealYourSouldHoldYourDream



កុំបោះបង់ងាយ កុំរំលាយក្តីសង្ឃឹម