ផ្កាអើយកុំរោយ!

 

ត្រលប់មកពីបុណ្យភូមិនៅវត្តជ្រោយអំពិល ខ្ញុំនិងមិត្តភក្តិ២នាក់ទៀត ក៏បើករថយន្តតាមផ្លូវរោងចក្រថៃហ្គឺ។ ដៃកំពុងបញ្ជាររថយន្ត តែត្រចៀកខ្ញុំផ្ទៀងស្តាប់មិត្តភក្តិពីរនាក់ទៀតដែលកំពុងនិយាយពីរឿងចម្ការផ្កាដែលមនុស្សគ្រប់គ្នាកំពុងពេញនិយមទៅថតដើម្បី បង្អួតគ្នាដាក់ហ្វេសប៊ុក។ វុទ្ធីផ្តើម៖

  • តាមគ្នាដឹង កន្លែងហ្នឹងស្រីៗគេប្រាថ្នាច្រើនណាស់!

អាស្នាតប៖

  • ស្រីៗគេស្រឡាញ់ផ្កា គេសម្រុកទៅតែកន្លែងដែលស្អាតដូច្នេះហើយ!

ខ្ញុំក៏លូកមាត់៖

  • ចុះយើងប្រុសៗទៅធ្វើអី?

វុទ្ធីនិងអាស្នាឆ្លើយព្រមគ្នា៖

  • ទៅមើលស្រីស្អាត!

ខ្ញុំក៏អស់សំណើចហើយបន្ត៖

  • មុខអាក្រក់យ៉ាងហ្នឹង អ្នកណាគេយក!

ពួកយើងទាំងបីនាក់សើចព្រមគ្នា។ ធ្វើដំណើរបានបន្តិច យើងក៏ទៅដល់កន្លែងដែលស្រីៗប្រាថ្នា។ ព្រះអើយ! រថយន្តនិងម៉ូតូចតត្រៀបត្រាតាមផ្លូវ មានទាំងអ្នកមើលរថយន្តនិងលក់ទឹកទៀត មិនខុសពីតំបន់ទេសចរណ៍ដ៏ល្បីនោះឡើយ។ បើក្រឡេកមើលផ្កាក្នុងចម្ការវិញ មនុស្សកាន់តែណែនតាន់តាប់ទៅទៀត។ ពេលចតរថយន្តរួចរាល់ ពួកខ្ញុំក៏ចុះតាមជម្រាលផ្លូវដើម្បីតម្រង់ទៅកន្លែងដែលមនុស្សជាច្រើនកំពុងតែរីករាយនឹងការបង្អួតសម្រស់ខ្លួនឯងនៅពីមុខម៉ាស៊ីនថតទូរស័ព្ទដៃរបស់ខ្លួន។ វុទ្ធីនិយាយទៅអាស្នា៖

  • អាវង្ស គ្នាសុំ៣០០០រៀល ឲ្យថ្លៃចូលថតផ្កា!

អាស្នាហុចឲ្យស្របពេលខ្ញុំសួរ៖

  • ម្នាក់គេយក១០០០រៀលមែនទេ?

អាស្នាងក់ក្បាល៖

  • បាទលោកម្ចាស់!

ក្រោយពីឲ្យលុយម្ចាស់ចម្ការរួចមក យើងក៏ដើរចូលទៅតាមគេតាមឯងដែរ។ ដឹងថាខ្ញុំជាមនុស្សមិនចូលចិត្តរញ៉េរញ៉ៃ មិត្តរប៉ិលរប៉ូចទាំងពីរក៏ដាក់មេប្រូចទៅធ្វើជាកន្លង់ក្រេបផ្កា ទុកឲ្យខ្ញុំស្រវាស្រទេញតែការថតនូវរូបផ្កាស្អាតៗដោយរីករាយ។ តែពេលខ្លះខ្ញុំក៏ភ័យជំនួសម្ចាស់ផ្កាដែរ ព្រោះអ្នកថតខ្លះហាក់មិនប្រយ័ត្នថាអាចនឹងដើរជាន់ផ្កាឬប៉ះពាល់ផ្កាគេទេ(អាងតែមិនមែនរបស់ខ្លួនឯង) ដឹងតែថាធ្វើយ៉ាងណាឲ្យរូបខ្លួនឯងថតទៅស្អាតគឺមិនខ្វល់ពីអ្វីទាំងអស់។ ដៃខ្ញុំរេថតគ្រប់ទិសទី ស្រាប់តែឈប់ហ្នឹងថ្កល់ រករេទៅណាមិនរួចសោះ។ មិនមែនដោយសារតែផែនដីឈប់វិល ព្រោះបាតុភូតដ៏អស្ចារ្យណាមួយទេ តែដោយសារស្នាមញញឹម របស់នារីម្នាក់វ័យប្រមាណ២៥ឆ្នាំ  កំពុងបង្អួតសម្រស់ដ៏ស្រទន់របស់នាងនៅពីមុខកាមេរ៉ាទូរស័ព្ទដៃរបស់នាងជាមួយនឹងផ្កាឈូករ័ត្នដែលរីករហង់។    ផ្កាស្រស់តែហាក់ចាញ់សម្រស់នាង ប្រហែលដោយសារស្នាមញញឹមរបស់នាងទេដឹងដែលធ្វើឲ្យសម្រស់នាងហាក់ឈានលើសមួយកម្រិតនោះ។ ដៃខ្ញុំប្រតិកម្មយ៉ាងរហ័ស ថតយករូបនាងគ្រប់ប៉ុស្តិតែម្តង ដោយមិនបានសុំការអនុញ្ញាតឬស្នើសុំពីម្ចាស់រូប សូម្បីតែបន្តិច។ ស្នាមញញឹមដ៏ស្រទន់ជាមួយនឹងសក់វែងត្រឹមចង្កេះរបស់នាង មើលកាន់តែយូរ កាន់តែស្អាត បើមិនសង្វាតថត ច្បាស់ជាស្តាយក្រោយមិនខាន ។  ខ្ញុំហាក់មានកម្លាំងព្រឺស ដោយសារតែអានុភាពនៃស្នាមញញឹមដែលប្រកបដោយក្តីសង្ឃឹមរបស់នាង។ ចុះទម្រាំតែបានប្រសព្វជាមួយកែវភ្នែកគ្នាទៅវិញទៅមក ខ្ញុំច្បាស់ជាបុគ្គលទីមួយក្នុងលោកនេះដែលត្រូវសន្លប់ធំ ព្រោះតែចុះចាញ់មន្តនេត្រារបស់នាងផងក៏មិនដឹង។ នាងហាក់សប្បាយចិត្តណាស់ជាមួយនឹងការថតរូបនៅទីនេះ។ ស្រាប់តែមានយក្សមួយក្បាល (ខ្ញុំដាក់ងារឲ្យបុរសនោះទេ ព្រោះតែខ្ញុំច្រណែនគេ) មកអូសដៃនាងចេញទាំងមុខក្រញ៉ូវ។នាងជ្រុះអស់នូវស្នាមញញឹមដែលមានមុននេះបន្តិច រួចចាកចេញពីទីនេះ ហើយទៅជិះម៉ូតូគុបមួយគ្រឿង ទៅឆ្ងាយពីខ្ញុំបាត់ទៅ។ ឱ ព្រះអើយ! គ្រាន់តែមុខនាងស្រពោនភ្លាម បេះដូងខ្ញុំក៏ចុកចាប់ចម្លែករកថ្លែងមិនបាន។ ភ្នែកខ្ញុំមិនបានឃើញទិដ្ឋភាពនៅទីនេះ ស្រស់ត្រកាលដូចពេលមាននាងនៅនោះទេ។ គ្រប់យ៉ាងប្រែក្រៀមស្រពោន ស្លោកស្វិតអស់រលីង ធ្វើឲ្យខ្ញុំបាត់អស់អារម្មណ៍ថតរូប ហើយសឹងតែចង់ជិះរថយន្តទៅតាមនាង មកទីនេះម្តងទៀត ដើម្បីតែបានឃើញស្នាមញញឹមរបស់នាងម្តងទៀតប៉ុណ្ណោះ។ តែគ្រប់យ៉ាងទៅរួចត្រឹមតែការគិតប៉ុណ្ណោះ។ ខ្ញុំលួចចោទសួរ ខ្លួនឯងថា៖

  • តើបុរសដែលដឹកដៃនាងចេញជាអ្នកណា? ជាសង្សារឬ? តែរូបរាងគេមិនសមនឹងនាងឡើយ ថែមទាំងមើលទៅមិនសូវធូធារទៀត! ចុះម៉េចក៏នារីល្អដូចនាងព្រមស្ម័គ្ររូបគេ? អូ! ប្រហែលជាបុរសនោះមានអ្វីល្អដែលបុរសអ្នកមានដូចខ្ញុំគ្មាហើយ! ឬ មួយក៏នាងជានារីដែលប្រាថ្នាចិត្តស្មោះមិនមែនរូបនិងទ្រព្យសម្បត្តិទេដឹង បានជានាងជ្រើសរើសបុរសម្នាក់នោះ!

 

គិតចុះគិតឡើង គិតឡើងចង់ផ្ទុះខួរ ក៏នៅតែមិនអាចជួយអ្វីបាន។ នៅពេលដែល ត្រឡប់មកដល់ផ្ទះវិញ ខ្ញុំនៅតែមិនអាចបញ្ឈប់ចិត្តមិនឲ្យនឹកដល់នាងបានសោះ ។ ម៉េចក៏ខ្ញុំចុកចាប់ម្ល៉េះ ពេលនាងស្រពោន? ខ្ញុំស្រាប់តែលួចស្រម៉ៃថា បើខ្ញុំជាសង្សាររបស់នាង ខ្ញុំសុខចិត្តលះបង់សុភមង្គលផ្ទាល់ខ្លួន ដើម្បីប្តូរយកតែស្នាមញញឹមរបស់នាងប៉ុណ្ណោះ។ ខ្ញុំយករូបថតរបស់នាងពីក្នុងអង្គចងចាំរបស់ម៉ាស៊ីនថតដើម្បីបញ្ចូលទៅក្នុងកុំព្យូទ័រយួរដៃរបស់ខ្ញុំ។ ខ្ញុំថតរូបនាងបានច្រើនជាងគេ ហើយខ្ញុំពិតជាចង់បង្ហោះរូបនាងណាស់ហើយសរសេរថា៖”ជួយចែករំលែករូបនេះផងព្រោះនាងស្អាតណាស់”  ដើម្បីឲ្យអ្នកលេសហ្វេស    ប៊ុកបានជួយចែករំលែក ថាមិនត្រូវ ខ្ញុំអាចរកនាងឃើញក៏ថាបាន។ តែចិត្តមួយទៀតហាមថាមិនត្រូវធ្វើដូច្នេះទេ ព្រោះខ្ញុំគិតថាមានរឿងផ្សេងដែលមានប្រយោជន៍ជាងនេះក្នុងការចែករំលែក នៅក្នុងហ្វេសប៊ុក។ ថាមិនត្រូវ អាចមានអ្នកថាខ្ញុំជោរ ឬ និន្ទាដោយទាំងរូបនាងទៀត ព្រោះគ្រាន់តែរកនារីដែលខ្ញុំថតដោយចៃដន្យសោះ ក៏ត្រូវរំខានអ្នកដទៃដែរ។ ម្យ៉ាងទៀត នាងអាចស្អាតសម្រាប់តែភ្នែកខ្ញុំប៉ុណ្ណោះ តែប្រហែលអ្នកផ្សេងមិន មើលឃើញដូចខ្ញុំនោះឡើយ ដូច្នេះខ្ញុំក៏បោះបង់គំនិតនេះ។ មិនបានប៉ុន្មាននាទីផង ខ្ញុំក៏នឹកឃើញគំនិតថ្មីដើម្បីបានយកលេសបង្ហោះរូបនាងដោយមិនមានពិរុទ្ធ។ គំនិតនោះគឺខ្ញុំបានបង្កើតជាអាល់ប៊ុមរូបថតដោយដាក់ចំណងជើងថា ៖ “កន្លែងដែលផ្កាត្រូវបានគេប្រាថ្នា” រួចក៏បន្ថែមអត្ថន័យខាងក្រោមថា៖

  • “ ផ្កាស្រស់ព្រោះអ្នកថែ ស្នាមញញឹមឥតប្រែព្រោះក្តីសង្ឃឹម” បន្ទាប់មកខ្ញុំក៏ដាក់ទៀតថា៖
  • សូមបងប្អូនMention ដល់ម្ចាស់រូបណាមួយក្នុងរូបថតដែលបងប្អូនស្គាល់ដើម្បីគេ អាចបានឃើញរូបភាពស្អាតៗរបស់គេ!

សរសេរចប់ខ្ញុំក៏អាប់ឡូតរូបជាច្រើនសន្លឹកចូលទៅ(រូបរបស់នាងច្រើនជាងគេ)។  មួយសន្ទុះក្រោយមក ខ្ញុំក៏ឃើញសង្សាររបស់អាស្នាបានMentionឈ្មោះនារីម្នាក់ថា៖

  • ស្រស់ បុប្ឋា ជារូបឯងមែនទេ?

ខ្ញុំរំភើបចិត្តណាស់ រួចខ្ញុំក៏បានចុចលើឈ្មោះនោះ។ ផ្ទាំងគណនេយ្យហ្វេសប៊ុករបស់នាងក៏បានលេចឡើងចំពោះមុខខ្ញុំ តែភាពរីករាយហាក់រលាយបាត់ទៅវិញអស់៩៨%ព្រោះនាងបានដាក់ថា Married to ពេជ្រ គង្គា បាត់ទៅហើយ។ តែយ៉ាងណាក៏ខ្ញុំនៅមានពន្លឺនៃក្តីសង្ឃឹម២%ដែរ ព្រោះថានាងប្រហែលដូចជាយុវវ័យមួយចំនួនតូច ដែលត្រឹមជាសង្សារនឹងគ្នា សោះ តែក៏ដាក់ In relationshipថាខ្លួនឯងរៀបការរួចជាមួយនឹងសង្សារទៅហើយ ។ ដើម្បីចង់បញ្ជាក់ការពិតខ្ញុំក៏បានចុចមើលរូបថតនាងទៀត។ លើកនេះ បេះដូងធ្លាក់ ដល់ស្ថានបាតដាលឯណោះ ព្រោះរូបថតថ្ងៃរៀបការនាងដោយមានការចូលរួមពី មេបាទាំងសងខាង កំពុងតែមកចំអកខ្ញុំដែលជាបុរសខកស្នេហ៍។ ខ្ញុំបិទកុំព្យូទ័រ មួយភ្លែត ហើយខំសម្រួលអារម្មណ៍ដោយខំនឹករកពាក្យពេចន៍ក្នុងសៀវភៅដែល ខ្ញុំបានអានមកអប់រំចិត្តខ្លួនឯង ទីបំផុតខ្ញុំក៏នឹកទៅដល់ពាក្យមួយ ដែលខ្ញុំភ្លេចទៅហើយថា បានអានចេញពីសៀវភៅណា តែពាក្យមួយឃ្លានោះបានជួយមួយផ្នែក ដែរក្នុងការបំបាត់ស្នេហាខកចិត្តរបស់ខ្ញុំ។ ឃ្លានោះមានន័យថា” ស្នេហ៍ពិតមិនគិត ត្រូវបានកាយ ស្នេហ៍ពិតមិនណាយ គឺឃើញគេសប្បាយ ទោះគេចំណាយចិត្តលើ អ្នកផ្សេងមិនមែនយើង” ។ ខ្ញុំចេះពិបាកចិត្ត ពេលឃើញនាងស្រពោន។ ចុះហេតុអី ខ្ញុំខ្លួនឯងត្រូវស្រពោន ពេលនាងញញឹម ទោះខ្ញុំមិនមែនជាមូលហេតុនៃស្នាម ញញឹមរបស់នាង ឬក៏ខ្ញុំមិនមែនជាអ្នកដែលធ្វើឲ្យនាងញញឹមនោះ? ត្រង់ចំណុចនេះ ខ្ញុំអរគុណទៅដល់អ្នកនិពន្ធសៀវភៅដែលខ្ញុំបានអានកន្លងមក ព្រោះសំដីមាសរបស់ពួកគាត់បានជួយបំភ្លឺជីវិតរបស់ខ្ញុំ គ្រាដែលខ្ញុំជួបវិបត្តិស្នេហ៍លើកនេះដោយ ប៉ះលើនារីដែលមានគូគាប់ទ្រនាប់ជិវិតរួចទៅហើយ។ តែយ៉ាងណាខ្ញុំមិនអាចលុបនាងចេញពី ចិត្តបាន១០០% ដែរ។ ខ្ញុំចុច follow  profile របស់នាង ព្រោះខ្ញុំចង់ដឹងពីសកម្មភាពរបស់នាង តែនាងកម្របង្ហោះអ្វីណាស់ ធ្វើឲ្យខ្ញុំគិតថានាងប្រហែលជា កំពុងតែរីករាយនឹងជីវិតអាពាហ៍ពិពាហ៍ រហូតមិនចង់អើពើនឹងហ្វេសប៊ុកដែលមនុស្សភាគច្រើនកំពុងតែពេញនិយម ឬ មួយក៏ស្វាមីនាងហាមមិនឲ្យនាងលេង ផងក៏មិនដឹង។ ខ្ញុំមិនហ៊ានសួរអំពីជីវិតរបស់នាងពីសង្សារអាស្នានោះទេ ដើម្បីកុំឲ្យពួកគេចាប់ថ្នាក់បាន។ តែតាំងពីពេលនោះមកខ្ញុំក៏រៀនធ្វើឲ្យខ្លួនឯងស្កប់ស្កល់ជាមួយនឹងការលួចស្រឡាញ់គេតែម្នាក់ឯង ដោយមិនប្រាថ្នាចង់បានអ្វី មកវិញទាំងអស់។

 

៥ឆ្នាំក្រោយមក…

 

ខ្ញុំបានក្លាយទៅជាម្ចាស់សួនផ្កាដ៏ល្បីនៅឯជាយក្រុង។ ខ្ញុំបើកឲ្យមានការលក់សំបុត្រចូលទស្សនា ហើយមានជាខ្ចូសលំហែកាយ ដូច្នេះនៅពេលដែលអ្នកមក កម្សាន្តនឿយហត់ គេអាចសម្រាកបាន។ ចំណូលពីសួនផ្កានេះ មិនមែនជាបំណងរបស់ខ្ញុំនោះទេ តែខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយ នារីដែលខ្ញុំប៉ងប្រាថ្នាជាយូរឆ្នាំមកហើយនឹងបង្ហាញខ្លួនម្តងទៀតជាមួយនឹងស្នាមញញឹម មិនថានាងមកជាមួយស្វាមីឬក៏កូនរបស់នាងនោះទេ។ មេឃដីប្រហែលជាយល់ដល់ការព្យាយាមរបស់ខ្ញុំទេដឹង ទើបថ្ងៃនេះ នារីដែលខ្ញុំរង់ចាំអស់ពេលជាយូរ បានពរក្មេងស្រីដ៏គួរឲ្យស្រឡាញ់វ័យប្រហែល២ខួប មកលេងសួនផ្ការបស់ខ្ញុំ។ ខ្ញុំខំញញឹមរាក់ទាក់ទៅ កាន់នាង ហើយនាងក៏ញញឹមតបខ្ញុំវិញដែរ។ នាងនៅតែស្អាត រីឯក្មេងស្រីដែលនៅ នឹងដៃនាងមិនបាច់ប្រាប់ក៏ដឹងថាជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់នាងនិងស្វាមីនាងដែរ។ ពួកយើងមិនបាននិយាយរកគ្នានោះទេ ព្រោះខ្ញុំដឹងថានាង មិនស្គាល់ខ្ញុំនោះឡើយ ហើយខ្ញុំក៏គ្មានបំណងឲ្យនាងស្គាល់ថាខ្ញុំជាអ្នកណាដែរ ហើយអ្វីដែលប៉ងប្រាថ្នាជៀសនោះគឺមិនចង់ឃើញផ្កាញញឹមរបស់នាងរុះរោយដោយប្រការណានោះឡើយ។ ខ្ញុំឃើញនាងថតរូបឲ្យកូនស្រីច្រើនណាស់។ជួនកាលនាងថតជាមួយកូន ហើយពេលខ្លះនាងក៏ប្រលែងលេងជាមួយនឹងកូនយ៉ាងសប្បាយ ។ ខ្ញុំចេះតែឆ្ងល់ថាម៉េចស្វាមីនាងមិនមកជាមួយ តែចិត្តមួយលួចគិតថា តិចនាងលែងគ្នាហើយទេដឹង? បើសិនជាការពិត ខ្ញុំនឹងជូនផ្កាស្លាដល់នាងជាលើកទីពីរ ហើយនឹងរក្សាផ្កានាងមិនឲ្យរុះរោយនោះទេ។ តែបើនាងនៅជានានឹងគេធម្មតា ក៏ខ្ញុំ នៅតែរីករាយ ព្រោះក្តីសុខរបស់ខ្ញុំមិនបានចងរូបមន្តថា ត្រូវតែក្រសោបកាយនាង នៅក្បែរកាយខ្ញុំលុះអវសាននៃជីវិតឡើយ។  សុភមង្គលរបស់នាង គឺជាស្នាមញញឹមរបស់ខ្ញុំ។ ស្នាមញញឹមរបស់នាង ប្រៀបដូចជាផ្កាកំពុងរីកដែលគ្មានថ្ងៃរុះរោយសម្រាប់ខ្ញុំ។ ផ្ការីក ស្អាតជាង ផ្កាស្រពោន។ ផ្កាអើយកុំរោយអី ទោះបីប្រុសថ្លៃគ្មានវាសនាថែ សុំប្រាថ្នាផ្ការីកឥតប្រែ ក៏ចិត្តល្ហើយល្ហែ ស្បើយទុក្ខមួយគ្រា។

វាចាចុងក្រោ៖

ខ្ញុំគ្រាន់តែជាអ្នកចូលចិត្តសរសេរ ដូច្នេះរឿង”ផ្កាអើយកុំរោយ” ប្រាកដជាមិនល្អគ្រប់ជ្រុង ជ្រោយដូចអ្នកនិពន្ធដែលពោរពេញដោយទេពកោសល្យនោះឡើយ។ សូមជួយប្រាប់ខ្ញុំវិញផង បើសិនជាមានពាក្យខ្មែរណាមួយត្រូវបានសរសេរខុស។

“ អានជាទម្លាប់ ជាប់ជាអ្នកចេះ”

“ កាន់តែអាន កាន់តែចូលចិត្ត”

“យើងអាន យើងសរសេរ យើងចែករំលែក”

ភ្នំពេញថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៦

ដោយក្តីស្រឡាញ់

គឹម ឌីណា

2 thoughts on “ផ្កាអើយកុំរោយ!”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s